សៀវភៅកូនស្វាឆ្លាត បានទៅដល់ដៃលោកគ្រូ អ្នកគ្រូនៅតាមបណ្ដាខេត្តមួយចំនួន
ភ្នំពេញ៖ បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យបោះពុម្ពផ្សាយពីក្រសួងអប់រំយុវជន និងកីឡា តាមរយៈប្រកាសលេខ ៦៧១ អយក.ប្រក ចុះថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ និងប្រកាសលេខ ១០៨៩ អយក.ប្រក ចុះថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងារកូនស្វាឆ្លាត នៃអង្គការវិទ្យាស្ថានបើកទូលាយ បានបោះពុម្ពផ្សាយជាបន្តបន្ទាប់នូវកម្រងសៀវភៅកូនស្វាឆ្លាតសម្រាប់រៀនសរសេរអក្សរខ្មែរ និងសៀវភៅលំហាត់គណិតវិទ្យាសម្រាប់មត្តេយ្យសិក្សា និងបឋមសិក្សា ដែលមកដល់ពេលនេះសរុបមាន ២៦ ចំណងជើងហើយ។
តាមរយៈការបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង សៀវភៅកូនស្វាឆ្លាតបានទៅដល់ដៃលោកគ្រូ អ្នកគ្រូ ទូទាំងខេត្តស្ទឹងត្រែង ឧត្តរមានជ័យ និងសៀមរាប ហើយខេត្តព្រះវិហារ និងខេត្តក្រចេះ លោកគ្រូ អ្នកគ្រូនឹងទទួលបានយ៉ាងយូរត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ។
សៀវភៅទាំងអស់ដែលលោកគ្រូ អ្នកគ្រូទទួលបានសម្រាប់ប្រើប្រាស់នៅក្នុងសាលាតាមបណ្ដាខេត្តដែលបានរៀបរាប់ទាំងនេះ ក៏មានចុះផ្សាយនៅតាមបណ្ដាញសង្គម និងវេបសាយផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា (www.facebook.com/krou.moeys.gov.kh) និងវេបសាយកូនស្វាឆ្លាត (www.kounsvachhlat.com) ផងដែរ។ ប្រសិនបើ មាតាបិតា ឬអាណាព្យាបាល ចង់បង្រៀនកូនរបស់ខ្លួនបន្ថែម សូមរកជាវសៀវភៅទាំងនេះនៅតាមបណ្ណាគារ និងតូបលក់សៀវភៅនានាដែលនៅជិតបំផុត ឬក៏ទាក់ទងមកក្រុមការងារកូនស្វាឆ្លាតតាមរយៈទូរស័ព្ទលេខ 061 33 84 33 (សែលកាត) ឬ 096 816 9488 (ស្មាត) ឬក៏ ហ្វេសប៊ុក កូនស្វាឆ្លាត-kounsvachlat ដើម្បីសាកសួរព័ត៌មានបន្ថែម។