មត្តេយ្យសិក្សា

ក្នុង​ឆ្នាំសិក្សា​២០១២-២០១៣ ​កុមារ​អាយុ​៥​ឆ្នាំ ​៥៦,៤៩ ​ភាគរយ ​បាន​ចូលរៀន​ក្នុង​កម្មវិធី​អប់រំ​កុមារ​តូច ​ធៀប​នឹង​ឆ្នាំ​សិក្សា​២០០៨-២០០៩ ​មាន​ត្រឹម​តែ ​៣៥ ​ភាគរយ ​។ ​កុមារ​អាយុ ​៣-៤ ​ឆ្នាំ​បាន​ចូលរៀន​ ២១,២៣​ ភាគរយ​ ។​ ប៉ុន្តែ​​​​​​​​​​​​ការ​ទទួល​បាន​សេវា​អប់រំ​កុមារ​តូច​អាយុ ​០ ​ទៅក្រោម​ ៣​ ឆ្នាំ ​សម្រេច​បាន​តែ​ ៣,១៩ ភាគរយ​ប៉ុណ្ណោះ​។

វឌ្ឍនភាព​កើតឡើង​ដោយ​សារការ​ពង្រីក​ចំនួន​សាលា​មត្តេយ្យ​សិក្សា​សហគមន៍​ ថ្នាក់​មត្តេយ្យ​ក្នុង ​បឋមសិក្សា​ មត្តេយ្យ​ឯកជន និង​កម្មវិធី​អប់រំ​កុមារ​តូច​តាមផ្ទះ​ តាមខ្នង​ផ្ទះ​។ ​ទោះជា​យ៉ាងណា ​វិសាលភាព​នៃ​ការ​ពង្រីក​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ដោយ​សារ​កង្វះ ​ធនធាន​រូបវ័ន្ត​និង​ហិរញ្ញវត្ថុ ​ព្រមទាំង​សមត្ថភាព​។ ​តម្រូវការ​និង​គុណភាព​នៃ​សេវា​អប់រំ​នៅ​កម្រិត​នេះ ​នៅ​មាន​កម្រិត​ និង​មាន​គម្លាត​រវាង​ទីតាំង​ភូមិសាស្ត្រ​មួយ​ទៅ​ភូមិសាស្ត្រ​មួយ​ទៀត ​ជា​ពិសេស​នៅ​តំបន់​ដែល​មាន​ការ​ចូលរៀន​នៅ​បឋម​សិក្សា​មាន​កម្រិត​ទាប ​និង​បោះបង់​ការ​សិក្សា​ខ្ពស់​។ ​អនុវិស័យ​នេះ​បាន ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​តិចតួច​លើ​បញ្ហា ​អាហា​-រូបត្ថម្ភ ​ការ​គាំពារ​ និង​សុខភាព​របស់​កុមារ​តូច។

ក្នុង​ពេលបច្ចុប្បន្ន​ ក្របខណ្ឌ​ធានាគុណភាព​មិនទាន់​បាន​រៀបចំ​ និង​មាន​តែ​គ្រូមត្តេយ្យ​សិក្សា​នៅ​សាលាសា​ធារណៈ ​ដែល​បាន​ឆ្លង​កាត់​ការ​បណ្តុះបណ្តាល​។ គ្រូមត្តេយ្យ​សិក្សា​សហគមន៍​ និង​ក្រុម​ម្តាយ​បង្គោល​នៃ​កម្មវិធី​អប់​រំកុមារ​តូច​តាមផ្ទះ​ តាម​ខ្នង​ផ្ទះ​បាន​ទទួល​ការ​បំប៉ន​តិចតួច​ សម្ភាររៀន​និង​បង្រៀន​នៅ​មាន​កម្រិត ​និង​ការ​អភិវឌ្ឍ​សម្ភារ​រូបវ័ន្ត​មត្តេយ្យ​សិក្សា​សហគមន៍​មិនទាន់​ជា​ចំណុច​អាទិភាព​នៅ​ឡើយ​។

អន្តរាគមន៍​លក្ខណៈ​ជា​គោល​នយោបាយ​ក្នុង​អំឡុង ​២០០៩-២០១៣ ​កន្លង​មក​ គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ឈាន​ទៅ​បង្កើន​គុណភាព​នៃ​សេវា​អប់រំកុមារ​តូចនៅឆ្នាំ​ ២០១៨​។ ​មូលដ្ឋានគ្រឹះ​ទាំង​នោះ​មាន​ដូចជា​ ការរៀប​ចំគោល​នយោបាយ​ជាតិ​និង​ផែន​ការ​សកម្មភាព​ជាតិ ​ស្តីពី​ការ​គាំពារ​និង​អភិវឌ្ឍ​កុមារ​តូច​។​គណៈកម្មាធិការ​ជាតិ​គាំពារ​និង​អភិវឌ្ឍ​កុមារ​តូច​ ប្រកាស​ស្តីពី​ការគ្រប់គ្រង​សាលាមត្តេយ្យសិក្សា​ឯកជន​ និង​ប្រកាស​ស្តីពី​ការទទួល​ស្គាល់​គ្រូ​បង្គោល​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​។ គោលការណ៍​ប្រតិបត្តិ​សម្រាប់​​​​កម្មវិធី​អប់រំ​មាតាបិតា​ រួម​បញ្ចូល​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​មាតាបិតា​ដែល​មាន​កូន​អាយុ​ក្រោម ​២​ ឆ្នាំ​ និង​គោលការណ៍​ប្រតិបត្តិ​សម្រាប់​សាលា​មត្តេយ្យ​ធនធាន​។ ​ប្រព័ន្ធ​ពិនិត្យ​តាមដាន​និង​វាយតម្លៃ​ផ្អែកលើ លទ្ធផល​ សម្រាប់​ចក្ខុវិស័យ​អប់រំ​កុមារ​តូច​ត្រូវបាន​រៀបចំ​ ដើម្បី​លើកកម្ពស់​គុណភាពអប់រំ​។
ទំនាក់ទំនង​ការងារ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដទៃ​ទៀត​ ស្របតាម​គោលនយោបាយ​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ពី​ថ្នាក់ជាតិ​ដល់​ថ្នាក់​ឃុំ​ ​សង្កាត់​នឹង​ជួយ​សម្របសម្រួល​ដល់ការ​ចែករំលែក​ធនធាន​និង​ការទទួលខុសត្រូវ​។

អត្ថបទដើម៖ ក្រសួងអប់រំ យុវជន និង​កីឡា