សៀវភៅហាត់ប្រើខ្មៅដៃ ខ.១ ខ.២ ខ.៣ និង ខ.៤ ត្រូវបានរៀបចំឡើងសម្រាប់កុមារអាយុ ៣ – ៤ ឆ្នាំដើម្បី រៀនកាន់ខ្មៅដៃ និងហាត់ប្រើខ្មៅដៃឱ្យបានត្រឹមត្រូវ (វីដេអូ) (បណ្ណព័ត៌មាន) ។ យើងក៏មានរឿងដែលភ្ជាប់ដោយកាយវិការ ដើម្បីធ្វើឱ្យការរៀនកាន់តែសប្បាយឡើង (វីដេអូ) (បណ្ណព័ត៌មាន) ។
សៀវភៅហាត់ប្រើខ្មៅដៃជួយកុមារឱ្យពង្រឹងបំណិនចលករតូច (ផ្តោតលើការសរសេរ) និងបំណិន
ចលករធំ (ផ្តោតលើការធ្វើចលនាផ្សេងៗ) ចលនាដៃនិងភ្នែកពីឆ្វេងទៅស្ដាំ ការសម្របសម្រួលដៃនិងភ្នែក ការកំណត់សម្គាល់រូបរាងស្រដៀងគ្នា និងការស្គាល់លំដាប់លំដោយ ។ បំណិនទាំងនេះភាគច្រើនកុមារត្រូវការជាចាំបាច់សម្រាប់ការអាន ។
ការណែនាំអំពីការប្រើប្រាស់សម្ភារៈ
សៀវភៅទាំងនេះចាប់ផ្ដើមដោយចលនាងាយៗ ដែលឈានទៅលំបាកម្ដងបន្តិចៗដែលធ្វើឱ្យកុមារទទួលបានបំណិនជាច្រើនបន្ថែមទៀតតាមរយៈនៃការធ្វើលំហាត់ ។ លំហាត់នៅក្នុងសៀវភៅនេះជាប្រភេទល្បែង និងគំនូសផ្សេងៗ ។ យើងបានរៀបចំលំហាត់ទាំងនេះឡើងដោយយកចិត្តទុកដាក់បំផុតដើម្បីធានាថា កុមារទទួលបានបំណិនថ្មីៗ ដោយមិនមានអារម្មណ៍ថាពួកគេត្រូវបានបង្ខំឱ្យធ្វើលំហាត់ទាំងនោះឡើយ ។ សៀវភៅទាំងបីនេះ នៅមិនទាន់បង្ហាញអក្សរ ឬគំនូសនៃអក្សរដល់កុមារនៅឡើយទេ ។
១. ការគូសតាមស្នាមបន្ទាត់ត្រង់ និងខ្សែកោង (វីដេអូ)
សកម្មភាពនេះធ្វើឱ្យកុមារអភិវឌ្ឍការគ្រប់គ្រងខ្មៅដៃ ការសម្របសម្រួលដៃនិងភ្នែក និងការពង្រឹងសាច់ដុំដៃ បានល្អ ។
ចំណុចចាប់ផ្ដើមសម្រាប់ការគូសតាមស្នាមបន្ទាត់ ឬខ្សែកោង គឺ ● ឬ ។
ការគូសតាមដោយម្រាមដៃ ៖ ដំបូង ឱ្យកុមារប្រើម្រាមដៃចង្អុលគូសតាមបន្ទាត់ ឬខ្សែកោងដោយកម្រើកចលនាដៃទាំងមូល ។ កុមារអាចគូសច្រើនដង លើបន្ទាត់ ដដែលៗ។
ការគូសតាមដោយខ្មៅដៃ ៖ យកខ្មៅដៃគូសតាមបន្ទាត់ដដែល ក្រោយពេលគូសដោយម្រាមដៃ ។
ដំណាក់កាលទី ១ ៖ គូសតាមស្នាមបន្ទាត់/ខ្សែកោងដែលមានបន្ទាត់អម ចំណុចចាប់ផ្ដើម និងសញ្ញាព្រួញ ។
ដំណាក់កាលទី ២ ៖ គូសតាមស្នាមបន្ទាត់/ខ្សែកោងដែលមានចំណុចចាប់ផ្ដើមដោយមាន/គ្មានសញ្ញាព្រួញ ។
២. ការគូសបន្ទាត់ត្រង់ និង ខ្សែកោង (វីដេអូ)
ការគូសបន្ទាត់/ខ្សែកោង ដែលមានបន្ទាត់អម មានចំណុចចាប់ផ្ដើម និង/ឬមានព្រួញ ជួយកុមារឱ្យមានទំនុកចិត្តក្នុងការគូសរូបរាងអ្វីមួយ ។ សូមលើកទឹកចិត្តឱ្យកូនរបស់អ្នកគូសបន្ទាត់/ខ្សែកោងឱ្យបានរលូន (មិនអាក់ៗ) ។ សកម្មភាពប្រភេទនេះជួយពួកគេឱ្យងាយស្រួលសរសេរអក្សរនៅពេលក្រោយ ។
សៀវភៅកូនស្វាឆ្លាតប្រើល្បែងផ្លូវវង្វេង ដែលបង្កើនភាពលំបាកជាងការគូសបន្ទាត់ខាងលើដើម្បីឱ្យកុមារគូសបន្ទាត់តាមវិធីសប្បាយៗ ។ សូមពិនិត្យមើលកូនៗរបស់អ្នក ហើយប្រាប់គេឱ្យគូសតាមផ្លូវវង្វេងនោះដោយម្រាមដៃជាមុនសិន បន្ទាប់មកទើបគូសដោយខ្មៅដៃ ។
យកល្អ អ្នកត្រូវនិយាយជាមួយកូនអំពីផ្លូវវង្វេងនេះមុនចាប់ផ្ដើមគូស ។ សួរតើអ្វីខ្លះដែលកូនបានឃើញ ។ នៅក្នុងឧទាហរណ៍នេះ អ្នកអាចសួរថាហេតុអ្វីបានជាស្វាស្វែងរកផ្លែដូង? តើបន្ទាត់អ្វីដែលកូនត្រូវគូស (ត្រង់ ឬខ្សែកោង) ?…
៣. ការគូសភ្ជាប់វត្ថុដោយបន្ទាត់ត្រង់ ឬ ខ្សែកោង (វីដេអូ)
សកម្មភាពប្រភេទនេះ ជួយឱ្យកុមារមានទំនុកចិត្តគូសបន្ទាត់ដោយសេរី ។ ជាទូទៅ លំហាត់នេះគ្មានចំណុចចាប់ផ្ដើមទេដូច្នេះកុមារត្រូវសម្រេចចិត្តដោយខ្លួនឯងពីចំណុចណាដែលត្រូវចាប់ផ្ដើម ។
ការគូសភ្ជាប់ជួយកុមារឱ្យស្គាល់វត្ថុដែលដូចគ្នា ។ វាសំខាន់ណាស់សម្រាប់ការអាន និងសរសេរ ។
៤. ការផាត់ពណ៌ (វីដេអូ)
ការផាត់ពណ៌មានសារៈសំខាន់ណាស់សម្រាប់កុមារអភិវឌ្ឍបំណិនចលករតូច និងការសម្របសម្រួលដៃនិងភ្នែក ។ កុមារតូចៗមិនអាចផាត់ពណ៌ឱ្យនៅតែក្នុងបន្ទាត់បានត្រឹមត្រូវទេ ។ វាមិនមែនជាបញ្ហាឡើយ ព្រោះនេះជាផ្នែកមួយនៃការអភិវឌ្ឍន៍ការគ្រប់គ្រងខ្មៅដៃ ។ សកម្មភាពនេះគួរតែជាការលេងសប្បាយៗ ។ ឱ្យកុមារជ្រើសរើសពណ៌ដោយខ្លួនគេ ។ កុមារអាយុ៣ឆ្នាំមានចំណង់ចំណូលចិត្តរបស់គេ ឧបមាថាគេផាត់ដើមឈើដោយពណ៌លឿងក៏គ្មានបញ្ហាដែរ ។ សូមកុំភ្លេចថា រូបភាពដែលគេផាត់នោះជាកម្មសិទ្ធិរបស់គេ ហើយគេនឹងពេញចិត្តរូបដែលគេបានផាត់ពណ៌ ។
៥. ការផ្គូផ្គងវត្ថុដូច ឬស្រដៀងគ្នា (វីដេអូ)
ការផ្គូផ្គងជួយកុមារឱ្យស្គាល់ទ្រង់ទ្រាយ និងរូបភាព ដែលជាបំណិនមួយដែលគេត្រូវការសម្រាប់សម្គាល់អក្សរនៅពេលរៀនដល់មត្តេយ្យកម្រិតខ្ពស់ ឬថ្នាក់ទី ១ ។
លើកទឹកចិត្តឱ្យកុមារមើលដោយយកចិត្តទុកដាក់លើរូបភាពនៅក្នុងប្រអប់ ។ បន្ទាប់មកត្រូវមើលរូបនៅបន្ទាត់ជាមួយគ្នា ពីឆ្វេងទៅស្ដាំ ។ កុមារជ្រើសរើសរូបដែលត្រូវគ្នាជាមួយរូបដែលនៅក្នុងប្រអប់ រួចផាត់ពណ៌រូបទាំងពីរដោយប្រើពណ៌ដូចគ្នា ។
ការផ្គូផ្គងក៏អាចឱ្យកុមារគូសបន្ទាត់ត្រង់ ឬខ្សែកោងដោយសេរីវែង
ជាងមុន ហើយគេអាចជ្រើសរើសចំណុចផ្ដើមដោយខ្លួនឯង ។
៦. ការស្វែងរករូបដែលខុសគេ (វីដេអូ)
ការកំណត់សម្គាល់វត្ថុមួយ ឬរូបរាងអ្វីមួយដែលខុសពីរបស់ដទៃ មានសារៈសំខាន់ណាស់សម្រាប់បុរេសំណេរ (មុនការសរសេរ) និងការអាន ។ ជំហានដំបូងសម្រាប់ការរៀនអក្សរមួយគឺការអាចសម្គាល់រូបរាងរបស់វា ។
៧. ការរៀបលំដាប់ (វីដេអូ)
ការរៀបលំដាប់ធ្វើឱ្យកុមារអភិវឌ្ឍបំណិនដែលចាំបាច់សម្រាប់ការអាន ការសរសេរ និងគណិត ។ មុនពេលកូនរបស់អ្នកចាប់ផ្ដើមធ្វើលំហាត់រៀបលំដាប់នៅក្នុងសៀវភៅកូនស្វាឆ្លាត សូមនាំគេលេងដោយប្រើវត្ថុជាក់ស្ដែងជាមុនសិន ។ ឧទាហរណ៍ ៖
កូនគួររើសយកខ្មៅដៃ ។
មើលទៅវត្ថុពីឆ្វេងទៅស្ដាំ ។ ជ្រើសរើសវត្ថុដែលត្រឹមត្រូវហើយដាក់វាឱ្យត្រូវលំដាប់លេខរៀង ។
មានបំណិនល្អពីថ្នាក់ដំបូង ធ្វើឱ្យកូនរបស់អ្នកត្រៀមខ្លួនជាស្រេចដើម្បីសិក្សាបន្តទៀត ។