រឿងខ្លីៗ

រឿង​សេះ​រីករាយ

សុវណ្ណ​និយាយ​ថា “​ចេញ​ដំណើរ​ ហ៊ីហ៊ី ។ យក​អង្ករ​នេះ​ទៅ​ឱ្យ​ឪពុក​ម្ដាយ​របស់​ខ្ញុំ ។ ឯង​ស្គាល់​កន្លែង​ដែល​ពួក​គាត់​រស់​នៅហើយ​ ។”

ហ៊ីហ៊ី​បញ្ចេញ​សំឡេង​ “ហេហេហេ!…”​ យ៉ាង​ខ្លាំង ហើយ​ចេញ​ដំណើរ​ទៅ​ ។ វា​ដើរ​ កុប-កុប កុប-កុប ក្រឡឹង​ស្រះ​ទឹក ប៉ុន្តែបន្តិច​ក្រោយ​មក​វា​ត្រូវ​ឡើងទៅ​​លើ​ភ្នំ ។ ហ៊ីហ៊ី​ដើរ​យឺតៗ កុប…កុប…កុប…កុប…​ រហូត​ដល់​កំពូល​ភ្នំ ដើរ​កាត់​តាម​ផ្ទៃ​រាប​លើ​កំពូល​ភ្នំ​នោះ កុប កុប កុប កុប រួច​ចុះ​ទៅ​ម្ខាង​ទៀត កុប-កុប កុប-កុប ។ ហ៊ីហ៊ីសប្បាយ​ចិត្ត​ខ្លាំង​ណាស់ ។

ឱព្រះអើយ! ហ៊ីហ៊ី​ភ្លេច​ថា​​​មាន​ភ្នំ​ចោត​មួយ​​ទៀត​នៅ​ខាង​មុខ ។ ហ៊ីហ៊ី​​អូស​រទេះ​យឺតៗ​ឡើង​ទៅ​លើ​ភ្នំ កុប…កុប…កុប…កុប…​ ។ ដល់​កំពូល​ភ្នំ​ ហ៊ីហ៊ី​ងើប​ក្បាល​ និង​បញ្ចេញ​សំឡេង​ “ហេហេហេ!…”​ យ៉ាង​ខ្លាំង ។

ឪពុក​ម្ដាយ​របស់​សុវណ្ណ​​រីក​រាយ​ណាស់​ដែល​បាន​ឃើញ​ហ៊ីហ៊ី​ដឹក​អង្ករ​មក ។ ពួក​គាត់​លើក​អង្ករ​ចេញ​​​ពី​រទេះ ហើយ​បាន​ដាក់​ទឹក និង​ស្មៅ​ឱ្យ​ហ៊ីហ៊ី ។

ពេល​ហ៊ីហ៊ី​ស៊ីស្មៅ​ និង​ផឹក​ទឹក​រួច​ហើយ វា​ក៏​ត្រឡប់​ទៅ​វិញ​ ។ វា​ចុះ​ពីកំពូល​​ភ្នំ កុប កុប កុប កុប ឡើង​លើ​ភ្នំ​មួយ​ទៀត កុប…កុប…កុប…កុប…​ ។ នៅ​លើ​កំពូល​ភ្នំ​នោះ ហ៊ីហ៊ី​មើល​ឃើញ​សុវណ្ណ​កំពុង​ធ្វើការ​នៅ​ក្នុងស្រែ ។ ហ៊ី​ហ៊ី​សប្បាយ​ចិត្ត​ណាស់ ព្រោះ​វា​​ជិត​មក​ដល់​ផ្ទះ​វិញ​ហើយ ។

ហ៊ីហ៊ី​​បក់​កន្ទុយ​ ហើយបញ្ចេញ​សំឡេង​ “ហេហេហេ!…”​ យ៉ាង​ខ្លាំង ។ បន្ទាប់​មក​វា​ចុះ​ពី​ភ្នំ​យ៉ាង​លឿន​ កុប កុប កុប កុប ដើរ​ក្រឡឹង​ស្រះ​ទឹក កុប-កុប កុប-កុប ហើយក៏​មក​ដល់​ផ្ទះ ។ ហ៊ីហ៊ី​រីក​រាយ​ជា​ខ្លាំង ។

មុន​ពេលអាន​​ ឬ​និទាន​រឿង​នេះ ចូរ​សម្រេច​ជា​មុន​សិន​​ថា​ត្រូវ​​ធ្វើ​កាយវិការ​យ៉ាង​ណា​សម្រាប់​ពាក្យ សេះបញ្ចេញ​សំឡេង “ហេហេហេ…” ​សេះដើរ​​ សេះ​បក់​កន្ទុយ

ក្រោយ​ពេល​អាន មើលទៅ​អក្សរ​ ស (សរសេរ​នៅលើ​ក្ដារខៀន ឬ​ប្រើ​បណ្ណ) និង​រំលឹក​រឿង​ឡើង​វិញ​ដោយ​គូសតាម​​ផ្លូវ​​ដែល​ហ៊ីហ៊ី​ទៅ​​ ។